សិក្ខាសាលា ស្តីពីការសរុបលទ្ធផលការងារ ប្រមូលទិន្នន័យកុមារកំព្រា និង កុមារងាយរងគ្រោះ

This slideshow requires JavaScript.

នាថ្ងៃ​ទី២៨ ខែ​​​ធ្នូ ឆ្នាំ២០១៦​ អង្គការម្លប់ឫស្សី រួមជាមួយនឹង ក្រុម​ការងា​រ​ថ្នាក់​ជាតិពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ បាន រៀបចំសិក្ខាសាលា ស្តីពីការសរុបលទ្ធផលការងារ ប្រមូលទិន្នន័យកុមារកំព្រា និងកុមារងាយរងគ្រោះ ក្រោម អធិបតីភាព ឯកឧត្តម ឆាយ វណ្ណា  អនុរដ្ឋ​លេខា​ធិការ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទានិង​​ជាប្រធានក្រុមការងារថា្នក់ជាតិពហុវិស័យកុមារកំព្រា និងកុមារងាយរងគ្រោះ(ក.ជ.ក.រ)។ សិក្ខាសាលានេះបានរៀបចំឡើង នៅភោជនីយដ្ឋានអង្គម៉ុងឌីយ៉ាល់ ខេត្តសៀមរាប។ សមាសភាព​​ចូលរួម រួមមាន លោក អនុប្រធានមន្ទីរ ស.អ.យ ខេត្តសៀមរាប តំណាងអង្គការម្លប់ឬស្សី តំណាងអង្គការLotus World តំណាងអាជ្ញាធរ ជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ តំណាងអង្គការពាក់ព័ន្ធ ព្រមទាំងលោក លោកស្រី​ជាមន្ត្រីបង្គោល តំណាងខេត្ត គោលដៅទាំង១១រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ព្រៃវែង កំពង់ចាម ពោធិសាត់ បាត់ដំបង តាកែវ ក្រចេះ កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ​​ ផងដែរ។ សិក្ខាសាលានេះមានគោលបំណង​ ដើម្បីធ្វើបទបង្ហាញ និងចែករំលែក​​ទិន្នន័យកុមារ OVC ​នៅក្នុង​សហគមន៍ ដើម្បី​​​យកទៅប្រើប្រាស់ស្របតាម សូចនាក ក្នុងផែនការយុទ្ឋសាស្រ្តជាតិរបស់ ​ក្រសួង ស.អ.យ ២០១៣-២០១៨ ​។

ក្នុងដំណើរការនៃអង្គសិក្ខាសាលា តំណាងខេត្តគោលដៅទាំង ១១ បានធ្វើបទបង្ហាញអំពី ទិន្នន័យកុមារ OVC ដែលស្ថិតនៅក្នុងគ្រួសារក្រីក្រប្រភេទ ១ និងប្រភេទ ២ បានច្បាស់លាស់ និងមាន មានចែកជូននូវឯកសារពិគ្រោះផងដែរ។ ម្យ៉ាងវិញទៀតអង្គសិក្ខាសាលាបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ទាក់ទងនឹងការងារដែលបានអនុវត្តកន្លងមក។ ក្រោយបញ្ចប់នូវអង្គសិក្ខាសាលា ក្រុម​ការងា​រ​ថ្នាក់​ជាតិពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ តំណាងមន្ទី ស.អ.យ ខេត្តសៀមរាប តំណាងខេត្តគោលដៅទាំង ១១ តំណាងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រួមនិងតំណាងអង្គការពាក់ព័ន្ធ បានប្តេជ្ញាចិត្តបង្កើនកិច្ចសហការ និងទំនាក់ទំនងដើម្បីធានានូវប្រសិទ្ធភាពការងារ ប្រមូល និងគ្រប់គ្រងទិន្នន័យកុមារកំព្រា និង កុមារងាយរងគ្រោះ។

Leave a Reply

Your email address will not be published. Required fields are marked *