នៅថ្ងៃទី ១៥ ដល់១៧ ខែ មីនា ឆ្នាំ ២០១៧ អង្គការម្លប់ឫស្សីបានសហការជាមួយនឹងក្រសួងសង្គមកិច្ច និងមន្ទីរសង្គកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានៅខេត្តបាត់ដំបង ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្តីពីៈ អង្គការសុវត្ថិភាពកុមារ សម្រាប់ប្រធានមណ្ឌលដែលជាដៃគូរសហការជាមួយអង្គការម្លប់ឫស្សីចំនួន ៤០នាក់ នៅខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេស និងប្រធានគណៈកម្មាធិការវាយតម្លៃគុណវុឌ្ឍិនៃអង្គការសុវត្ថិភាពកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងធ្វើការសម្របសម្រួលការបង្រៀនដោយគណៈកម្មាធិការវាយតម្លៃគុណវុឌ្ឍិនៃអង្គការសុវត្ថិភាពកុមារ ជាមួយក្រុមការងារអង្គការម្លប់ឫស្សី។
ជាកិច្ចចាប់ផ្តើមវគ្គបណ្តុះបណ្តាលលោក សុត ចាន់វណ្ណៈ ជាអនុប្រធាននាយកដ្ឋានសុខុមាលភាពកុមារ តំណាងឱ្យឯកឧត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានមតិសំណេះសំណាលសួរសុខទុក្ខទៅកាន់សិក្ខាកាមទាំងអស់ និងថ្លែអំរគុណដល់អង្គការម្លប់ឫស្សីដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ក្រសួងសង្គមកិច្ច ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិដែលពាក់ពន្ធ័លើសុខុមាលភាពកុមារ ការថែទាំជំនួស សុវត្ថិភាពក្នុងការទុកដាក់កុមារ និងផ្តល់ការគាំទ្រលើផ្នែកបច្ចេកទេសផ្សេងៗ។
ក្នុងឱកាសនេះផងដែរឯកឧត្តម តូច ចាន់នី បានថ្លៃអំណរគុណដល់សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ព្រមទាំងមានប្រសាសន៍ អំពីការបង្កើតគណៈកម្មការចំនួន ៣ផ្នែក ផ្នែកទំនាក់ទំនង និង ហិរញ្ញវត្ថុ ផ្នែកកម្មវិធី និងបណ្តុះបណ្តាល ផ្នែកត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីជាជំនួយការដល់គណៈកម្មការវាយម្លៃគុណវុឌ្ឍិនៃអង្គការសុវត្ថិភាពកុមារ ហើយគណៈកម្មការនីមួយៗដឹកនាំដោយឯកឧត្តមផ្ទាល់។ ឆ្លៀតក្នុងពេលនេះដែរឯកឧត្តមក៏បានលើកឡើងពីការងារមួយចំនួនដែលមន្ទីរសង្គមកិច្ចបានអនុវត្តន៍ ក៏ដូចជាបញ្ហាស្មុគស្មាញដែលកំពុងតែធ្វើការដោះស្រាយ។ ម្យ៉ាងវិញទៀតឯកឧត្តមបានស្នើសុំឱ្យសិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ សុំអោយការមានការយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលយកទៅអនុវត្តន៍នៅតាមស្ថាប័នរបស់ខ្លួនអោយឆ្លើយតបទៅនឹងបទដ្ឋានអប្បបរមារបស់ក្រសួង ហើយឯកឧត្កមក៏បានថ្លែងអំណរគុណចំពោះអង្គការម្លប់ឫស្សីដែលបានរៀបចំកម្មវិធីនេះឡើង ព្រមទាំងដៃគូរសហការទាំងអស់ដែលតែងតែសហការល្អ។
ដើម្បីឆ្លើយតបតម្រូវការរបស់ដៃគូរសហការ លើការថែទាំជំនួសចំពោះកុមាររង់គ្រោះនិងងាយរងគ្រោះដែលស្នាក់នៅក្នុងសហគមន៍ និង ក្នុងមណ្ឌលខេត្តបាត់ដំបង ហើយវគ្គបណ្តុះបណ្តាលនេះបានដំណើរការយ៉ាងរលូនរយៈពេលបីថ្ងៃ ដោយមានការសម្រេចបានតាមរយៈសិក្ខាកាមបានថ្លែងអំណរគុណមកកាន់អង្គការម្លប់ឫស្សីដែលបានបង្កើតអោយស្ថាប័នអង្គការ និងមជ្ឈមណ្ឌលថែទាំជំនួសក្នុងខេត្ដបាត់ដំបងមានកិច្ចសហការល្អ និងទំនាក់ទំនងគ្នាល្អជាមួយក្រសួងសង្គមកិច្ច និងមន្ទីរសង្គកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានៅខេត្តបាត់ដំបង។ មិនតែប៉ុណ្ណោះ ប្រធាន និងបុគ្គលិកស្ថាប័ននីមួយៗ បានយល់បន្ថែមក្នុងការអនុវត្ដន៍អង្គការសុវត្ថិភាពកុមារក្នុងស្ថាប័នរបស់ខ្លួន។