កិច្ចប្រជុំគណៈកម្មការបណ្តាញយុវជនដែលចាកចេញពីមណ្ឌល ដែលមានឈ្មោះថា គណៈកម្មការស្នូល គាំទ្រការអភិវឌ្ឍយុវជន (Youth Support Development) ហៅកាត់ថា គ.យ.អ. ដោយធ្វើឡើងក្នុងគោលបំណងរៀបចំផែនការក្នុងការចែករំលែកចំណេះដឹង និងបទពិសោធទៅដល់ យុវជនក្នុងមណ្ឌលថែទាំ ដែលត្រៀមខ្លួនសមាហរណកម្មទៅរស់នៅក្នុងសហគមន៍។
នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២១ សមាជិកគណៈកម្មការស្នូលបណ្តាញយុវជនដែលចាកចេញខេត្តបាត់ដំបង បានប្រជុំពិភាក្សា និងចែកចាយចំណេះដឹងជាការហាត់សមមុនពេលចែករំលែកទៅដល់យុវជនក្នុងមណ្ឌលថែទាំ ក្រោមប្រធានបទ៖ “រៀបចំផែនការជីវិតដោយដៃរបស់អ្នក” ក្រោមការសម្របសម្រួលរបស់ យុវតី សាធា សុខា ដែលជា ប្រធានគណៈកម្មការស្នូល បណ្តាញយុវជនដែលចាកចេញ។
នៅក្នុងថ្ងៃនេះដែរ យុវជន ហុង ប៊ុនលី ដែលជាសមាជិកគណៈកម្មការស្នូល បណ្តាញយុវជនដែលចាកចេញ បានធ្វើបទបង្ហាញពី វិធីសាស្រ្តចែករំលែកចំណេះដឹងទៅកាន់យុវជន ក្នុងមណ្ឌលថែទាំ និងក្នុងសហគមន៍តាមរយៈ ការបង្កើត ហ្វេសប៊ុកផេក និងតាមប្រព័ន្ធវេបសាយ។
កម្មវិធីបណ្តាញយុវជនចាកចេញជួយដល់យុវជនក្នុងមណ្ឌល (Careleaver Help YAO)
សកម្មភាពគណៈកម្មការបណ្តាញយុវជនដែលចាកចេញពីមណ្ឌល (គ.យ.អ) បានសហការជាមួយ កម្មវិធីគាំទ្រយុវជនក្នុងមណ្ឌល បានបង្កើតនូវកិច្ចប្រជុំមួយសម្រាប់ប្រធានក្លឹបយុវជនក្នុងមណ្ឌល កុមារកំព្រាបាត់ដំបង១ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ដោយមានអ្នកចូលរួមចំនួន ១៤នាក់ ដែលមានស្រីចំនួន ១២នាក់។ តាមរយៈកិច្ចប្រជុំនេះ យុវជនទាំង២ក្រុម បានបង្កើតទំនាក់ទំនងគ្នាទៅវិញទៅមកតាមរយៈពិភាក្សាក្រុមតូច និងការចែករំលែកបទពិសោធដែលមានដូចជា៖
១.ការឆ្លុះបញ្ចាំងអំពីការស្គាល់ និងអោយតម្លៃខ្លួនឯង
២.ទស្សនៈវិស័យ និងផែនការ របស់គណៈកម្មការស្នូលបណ្តាញយុវជនចាកចេញ គ.យ.អ ក្នុងការជួយដល់ ប្រធានក្លឹបយុវជន និងយុវជនក្នុងមណ្ឌល
៣. ការចែករំលែកអំពី មេរៀន “ការរៀបចំផែនការជីវិតដោយដៃរបស់អ្នក”
នេះជាកិច្ចប្រជុំលើកទី១ ដែលយុវជនប្រធានក្លឹបយុវជន និងគណៈកម្មការស្នូលនេះ គ.យ.អ. បានជួបប្រជុំជាមួយគ្នា។ ឱកាសនេះ បានធ្វើអោយយុវជនដែលកំពុងសិក្សាក្នុងថ្នាក់ទី១២ និងកំពុងត្រៀមខ្លួនចាកចេញទៅរស់នៅក្នុងសហគមន៍ ទទួលបានការលើកទឹកចិត្ត និងចាប់ផ្តើមគិតអំពីការធ្វើផែនការរបៀបណា ដើម្បីអោយពួកអាចបន្តការសិក្សា និងអាចរស់នៅក្នុងសហគមន៍ដោយសុវត្ថិភាព។ ជាមួយគ្នា យុវជនទាំង១៤នាក់ បានស្នើសុំអោយមានកិច្ចប្រជុំបែបនេះ រៀងរាល់២ខែម្តង ក្នុងប្រធានបទថ្មីៗ ដែលអាចជួយអោយពួកគេរីកចំរើន។