នៅថ្ងៃទី ២៩ រហូតដល់ ៣១ ខែ មីនា ឆ្នាំ ២០១៧ អង្គការម្លប់ឫស្សីបានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា និងមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង ផ្តល់វគ្គបណ្តុះបណ្តាលស្តីពី កិច្ចការសង្គម ការប្រើប្រាស់គំរូលិខិតបទដ្ឋាន និងគ្រប់គ្រងករណី ដល់លោកគ្រូ អ្នកគ្រូដែលជាប្រធានប្រធានមណ្ឌល ព្រមទាំងអង្គការដៃគូរដែលផ្ដល់សេវាថែទាំជំនួសចំពោះកុមារកំព្រា និងកុមារងាយរងគ្រោះ ដែលបានធ្វើការបង្វែសកម្មភាព និងមានបំណងចង់បង្វែសកម្មភាពថែទាំជំនួសចំពោះកុមារទៅសហគមន៍វិញ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា ខេត្តបាត់ដំបង។
ដើម្បីជំនួយក្នុងការប្រើប្រាស់ គំរូលិខិតបទដ្ឋានឲកាន់តែមានប្រសិទ្ធិភាពខ្ពស់ តំណាងមន្ទីរ ស.អ.យ ខេត្តបាត់ដំបង និងអង្គការម្លប់ឬស្សីបានដាក់បញ្ចូលនូវខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖
- ប្រពន្ធ័ការពារកុមារ និងក្របខណ្ឌច្បាប់សំខាន់ៗពាក់ពន្ធ័ និងកុមារ
- នីតិវិធីអនុវត្តន៍គោលនយោបាយ ស្ដីពីការថែទាំជំនួសចំពោះកុមារ និងការធ្វើសមាហរណកម្ម
- បទដ្ឋាន និងគោលការណ៍ណែនាំសម្រាប់ការថែទាំ ការគាំទ្រ និងការការពារចំពោះកុមារកំព្រា និងកុមារងាយរងគ្រោះ។
- ផែនការអចិន្ត្រៃសម្រាប់ការទុកដាក់កុមារ។
- តួនាទី និង ភារកិច្ចរបស់អង្គភាពពាក់ពន្ធ័ក្នុងកិច្ចអនុវត្តន៍ នូវការប្រើប្រាស់នីតិវិធី និងគោលនយោបាយស្ដីពី ការថែទាំជំនួសចំពោះកុមារ។
- ការប្រើប្រាស់ទម្រង់បែបបទ និងគំរូលិខិតបទដ្ឋានទាំង២៨ទម្រង់
- ហាត់អនុវត្តន៍ជាក់ស្តែងទៅលើការប្រើប្រាស់ទម្រង់
ក្រោយពីបញ្ចប់មេរៀន អ្នកសម្របសម្រួកកម្មវិធីបានផ្តល់នូវលំហាត់អនុវត្តជាក់ស្តែង ទៅលើទម្រង់មួយចំនួនដើម្បីស្ទាបស្ទង់សមត្ថភាពរបស់សិក្ខាកាម។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមបានបានស្តែងចេញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលស្រាយនូវចម្ងល់អំពីការប្រើប្រាស់គំរូលិខិតបទដ្ឋាន និងស្នើរសុំអោយអង្គការម្លប់ឫស្សីនៅតែបន្តសហការជាមួយក្រសួង មន្ទីរ ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលផ្សេងៗ បន្ថែមទៀតទាំងប្រធានមណ្ឌល និង យុវជនក្នុងមណ្ឌលផងដែរ។