គម្រោងបណ្តាញសុខុមាលភាពកុមារ បានធ្វើការសហការពីចម្ងាយជាមួយមន្ទីរ ស.អ.យ ខេត្តពោធិ៍សាត់ និងអាជ្ញាធរ មូលដ្ឋាន គ.ក.ន.ក ឃុំ តាមប្រព័ន្ធ Online ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ និងការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ។
-
- នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មានករណីកុមាររងគ្រោះ ពីការរំលោភបំពានផ្លូវភេទ មួយករណី។ មន្ត្រីបង្គោលខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍ដោះសា្រយយកកុមារទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ច កសាងសំណុំរឿងចាប់បញ្ជូនជនសង្ស័យទៅតុលាការ បន្ទាប់មកចុះប៉ាន់ប្រមាណកុមារដល់លំនៅដ្ឋានគ្រួសារ ជាមួយគ្នានោះដែរ នាងចង់រស់នៅជាមួយគ្រួសារ តែគ្រួសារជីវភាពខ្វះខាត ក្រុមការងារសម្រេចទុកដាក់ជាមួយគ្រួសារបណ្តោះអាសន្ន ។
- នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មន្ត្រីបង្គោលខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋានបានចុះប៉ាន់ប្រមាណកុមាររងគ្រោះ និងងាយរងគ្រោះចំនួន ១១នាក់ និងស្រី៥នាក់ ក្នុងចំណោមបីគ្រួសារ ដែលកំពុងខ្វះខាតស្បៀងអាហារ និងសម្ភារៈអនាម័យ មួយចំនួន ដោយឪពុកម្តាយរបស់គេគ្មានការងារធ្វើមិនមានប្រាក់ចំណូល ទើបពួកគេមានបញ្ហាបែបនេះ ពួកគេបានអំពាវនាវអោយអាជ្ញាធរមូលដ្ឋានជួយផ្តល់សេវា តម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដល់ពួកគេ។
- នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អង្គការម្លប់ឫស្សីបានចូលរួមជួយគាំទ្រកញ្ចប់សេវាស្បៀងអាហារ និងសម្ភារៈអនាម័យបន្ទាន់ដល់កុមារ១៥នាក់ ស្រី៧នាក់ ក្នុងចំណោមបួនគ្រួសារខាងលើ ក្នុងមួយគ្រួសារទទួលបាននូវ ស្បៀងអាហារ អង្ករ ប្រេងឆា ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករស មី ត្រីខកំប៉ុង និងសម្ភារៈអនាម័យមួយចំនួន ដើម្បីផ្តល់សេវាតម្រូវការមូលដ្ឋានចាំបាច់ និងរក្សាកុមារមិនឲ្យបែកចេញពីគ្រួសារ។