នៅថ្ងៃទី១៧ និង ១៨ ខែមករា ឆ្នាំ២០១៧ អង្គការម្លប់ឫស្សី សហការជាមួយ មន្ទីរស.អ.យ ខេត្តបាត់ដំបង បានរៀបចំវគ្កបណ្ដុះបណ្ដាលស្ដីពី ការការពារកុមារ។ វគ្កបណ្ដុះបណ្ដាលនេះប្រព្រិត្តទៅនៅសណ្ឋាគារ សេង ហ៊ត ខេត្តបាត់ដំបង ក្នុងគោលបំណង ចែករំលែកពត៍មានអំពីបញ្ហារំលោភបំពានកុមារ និងកំណត់បាននិយមន័យសិទ្ធិកុមារ ការរំលោភបំពានកុមារ កត្តាដែលនាំឱ្យមានការរំលោភបំពានកុមារ និងផលប៉ះពាល់ ព្រមទាំងចែករំលែកចំណេះដឹង បទពិសោធន៍ពីវិធានការនៃ ការការពារកុមារ យល់ដឹងពីគោលនយោបាយការពារកុមារ ក្រមសីលធម៍មនុស្សធំចំពោះ កុមារមានសមត្ថភាពក្នុងការដោះស្រាយនិងឆ្លើយតបបញ្ហាកង្វល់នានារបស់កុមារព្រមទាំងផ្សព្វផ្សាយបន្តទៅ ក្រុមគោលដៅ។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រិត្តទៅ ដោយបានទទួលការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់ លោក ភួង សិទ្ធិ ប្រធានការិយាល័យសុខុមាលភាពកុមារខេត្តបាត់ដំបង លោកស្រី យិន ម៉ានិត នាយិកាអង្គការម្លប់ឫស្សី និង លោកសាំ សុធារ ប្រធានគម្រោងគាំទ្របច្ចេកទេសសង្គម នៃអង្គការម្លប់ឫស្សី។ សមាសភាពចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះមានដូចជា គ្រួសារចិញ្ចឹម និងក្រុមយុវជនជួយខ្លួនឯងមកពីសហគមន៍មកពីស្រុកមោងឫស្សី និងស្រុកសូទ្រនិគម ព្រមទាំងបុគ្គលិកថ្មីសម្រាប់ធ្វើការជាមួយគ្រួសារចិញ្ចឹមក្នុងខេត្តបាត់ដំបងរបស់អង្គការម្លប់ឫស្សី ចំនួន២៤នាក់ ស្រី១៥នាក់។
ជាលទ្ធផលបន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាល សិក្ខាកាមមានការពេញចិត្តទៅលើវគ្គបណ្ដុះបណ្ដាលទាំងខ្លឹមសារមេរៀន ការសម្របសម្រួល និងទីកន្លែង។ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ សិក្ខាកាមមានការយល់ដឹងកាន់តែប្រសើរ និងទទួលបាននូវចំណេះដឹង និងចំណេះធ្វើថ្មីៗថែមទៀត សម្រាប់យកទៅអនុវត្តនៅមូលដ្ឋានវិញប្រកបដោយប្រសិទ្ធភាព។