នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ អង្គការម្លប់ឫស្សី រួមជាមួយនឹង ក្រុមការងារថ្នាក់ជាតិពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ បាន រៀបចំសិក្ខាសាលា ស្តីពីការសរុបលទ្ធផលការងារ ប្រមូលទិន្នន័យកុមារកំព្រា និងកុមារងាយរងគ្រោះ ក្រោម អធិបតីភាព ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទានិងជាប្រធានក្រុមការងារថា្នក់ជាតិពហុវិស័យកុមារកំព្រា និងកុមារងាយរងគ្រោះ(ក.ជ.ក.រ)។ សិក្ខាសាលានេះបានរៀបចំឡើង នៅភោជនីយដ្ឋានអង្គម៉ុងឌីយ៉ាល់ ខេត្តសៀមរាប។ សមាសភាពចូលរួម រួមមាន លោក អនុប្រធានមន្ទីរ ស.អ.យ ខេត្តសៀមរាប តំណាងអង្គការម្លប់ឬស្សី តំណាងអង្គការLotus World តំណាងអាជ្ញាធរ ជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ តំណាងអង្គការពាក់ព័ន្ធ ព្រមទាំងលោក លោកស្រីជាមន្ត្រីបង្គោល តំណាងខេត្ត គោលដៅទាំង១១រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ព្រៃវែង កំពង់ចាម ពោធិសាត់ បាត់ដំបង តាកែវ ក្រចេះ កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ផងដែរ។ សិក្ខាសាលានេះមានគោលបំណង ដើម្បីធ្វើបទបង្ហាញ និងចែករំលែកទិន្នន័យកុមារ OVC នៅក្នុងសហគមន៍ ដើម្បីយកទៅប្រើប្រាស់ស្របតាម សូចនាក ក្នុងផែនការយុទ្ឋសាស្រ្តជាតិរបស់ ក្រសួង ស.អ.យ ២០១៣-២០១៨ ។
ក្នុងដំណើរការនៃអង្គសិក្ខាសាលា តំណាងខេត្តគោលដៅទាំង ១១ បានធ្វើបទបង្ហាញអំពី ទិន្នន័យកុមារ OVC ដែលស្ថិតនៅក្នុងគ្រួសារក្រីក្រប្រភេទ ១ និងប្រភេទ ២ បានច្បាស់លាស់ និងមាន មានចែកជូននូវឯកសារពិគ្រោះផងដែរ។ ម្យ៉ាងវិញទៀតអង្គសិក្ខាសាលាបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ទាក់ទងនឹងការងារដែលបានអនុវត្តកន្លងមក។ ក្រោយបញ្ចប់នូវអង្គសិក្ខាសាលា ក្រុមការងារថ្នាក់ជាតិពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ តំណាងមន្ទី ស.អ.យ ខេត្តសៀមរាប តំណាងខេត្តគោលដៅទាំង ១១ តំណាងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រួមនិងតំណាងអង្គការពាក់ព័ន្ធ បានប្តេជ្ញាចិត្តបង្កើនកិច្ចសហការ និងទំនាក់ទំនងដើម្បីធានានូវប្រសិទ្ធភាពការងារ ប្រមូល និងគ្រប់គ្រងទិន្នន័យកុមារកំព្រា និង កុមារងាយរងគ្រោះ។