អង្គការម្លប់ឫស្សីបានសហការជាមួយក្រុមការងារថ្នាក់ជាតិពហុវិស័យស្តីពីកុមារកំព្រា និងកុមារងាយរងគ្រោះ និងមន្ទីរ ស.អ.យខេត្តបាត់ដំបងបានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្ត កម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថា្នក់ជាតិពហុវិស័យកុមារកំព្រា និង កុមារងាយរងគ្រោះ(ក.ជ.ក.រ) នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្តបាត់ដំបង។
សមាសភាពអញ្ជើញចូលរួមជាគណៈអធិបតីរួមមានលោកជំទាវ ព្រំ វណ្ណា សមាជិកក្រុម ប្រឹក្សាខេត្ត តំណាងឯកឧត្តម ចាន់សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក គឹម តេង ប្រធានមន្ទីរ ស.អ.យខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិតអ៊ុក ម៉ារឌី តំណាងអាជ្ញាជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកឡៅ សុងហេង តំណាងអង្គការម្លប់ឫស្សី ព្រមទាំងវត្តមានចូលរួមរបស់លោក/លោកស្រីមន្ត្រីការិយាល័យស.អ.យ មន្ត្រីគ.ក.ស.ក ក្រុង-ស្រុក និងមន្ត្រីគ.ក.ន.ក គ្រប់ឃុំក្នុងស្រុកទាំង០៨ក្នុងខេត្ត ដែលមានចំនួនសរុប ១០០នាក់(ស្រី៤០នាក់)។សិក្ខាសាលានេះ មានគោលបំណងពង្រឹងនីតិវិធីការអនុវត្តគោលនយោបាយ បទដ្ឋាន និងគោលការណ៍ណែនាំនានា ពាក់ព័ន្ធទៅនឹងកិច្ចការពារសុវត្ថិភាពកុមារដើម្បីធ្វើឲ្យប្រសើរឡើងដល់ប្រព័ន្ធសុខុមាភាពកុមារ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងថាសិក្ខាសាលាថ្ងៃនេះ គឺដើម្បីពង្រឹងការអនុវត្តកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់ ដើម្បីឆ្លើយតបនឹងតម្រូវការសេវាគាំទ្រដល់កុមារកំព្រា និងកុមារងាយរងគ្រោះជូនដល់ក្រុមប្រឹក្សា គ.ក.ស.ក ខេត្តក្រុង ស្រុកទាំង៨ រួមមាន ១.ស្រុកបាណន់ ២.ស្រុកថ្មគោល ៣.ក្រុងបាត់ដំបង ៤.ស្រុកឯកភ្នំ ៥.ស្រុកមោងឬស្សី ៦.ស្រុករតនៈមណ្ឌល ៧.ស្រុកសង្កែ ៨.ស្រុកគាស់ក្រឡ និងគណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ គ.ក.ន.ក. គ្រប់ឃុំក្នុងស្រុកទាំង៨ និងអង្គការដែលធ្វើការពាក់ព័ន្ធនៅក្នុងខេត្តទាំងអស់។ ឯកឧត្តមបានសំណូមពរឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ សាកសួរ និងចូលរួមផ្តល់មតិយោបល់រាល់បទអន្តរាគមន៍ ដែលគ្រូឧទ្ទេសនាម បានធ្វើបទបង្ហាញជូនក្នុងសិក្ខាសាលា ដើម្បីបង្កឱកាសរៀនសូត្រ និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។