ការប្រជុំរៀបចំផែនការប្រចាំឆ្នាំរបស់ក្រុមគាំទ្រសហគមន៍

គម្រោងគាំទ្រសហគមន៍ (CSS) បាននឹងកំពុងបន្តកិច្ចសហប្រតិបតិ្តការជាមួយក្រុមស្មគ្រចិត្ត និងអាជ្ញាធរនៅតាមបណ្តាគោលដៅទាំងបួនខេត្តរាជធានី មានដូចជា៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញ ក្នុងការអន្តរាគមន៍ និងស្តានូវស្ថានភាពកុមារក្រីក្រក្នុងមូលដ្ឋានអោយបានប្រសើរឡើង ដែលកិច្ចការងារទាំងនោះប្រព្រឹត្តិទៅតាមការរៀបចំផែនការប្រចាំឆ្នាំដែលបានបង្កើតឡើងជាមួយគ្នា។

ជាក់ស្តែង កាលពីថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ គម្រោងគាំទ្រសហគមន៍ បានធ្វើការសហការជាមួយអាជ្ញាធរក្នុងតំបន់ និងក្រុមគាំទ្រសហគមន៍ នៅក្នុងភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីរៀបចំផែនការសកម្មភាពចុះជួយអន្តរាគមន៍ចំពោះជនងាយរងគ្រោះ និងរងគ្រោះ ជាពិសេសកុមារ នៅក្នុងឆ្នាំ២០២១។ សកម្មភាពនោះដែរ មានការចូលរួមពីសំណាក់អ្នកស្រី ស៊ត វឌ្ឍនា ជាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំមោង ដែលជាតំណាងលោកមេឃុំក្នុងការចូលរួម ព្រមទាំងក្រុមគាំទ្រសហគមន៍ និងជនគំរូ ដែលមានការប្រព្រឹត្តិទៅចំនួនមួយព្រឹកនៅថ្ងៃដដែល។

ការពិភាក្សា ត្រូវបានបញ្ចប់ដោយបន្សល់ទុកនូវលទ្ធផលគួរជាទីមោទនៈ ចំពោះការមើលឃើញនូវបញ្ហាប្រឈមដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ផ្ទាល់ ក៏ដូចជាផែនការក្នុងការបន្តកិច្ចអន្តរាគមន៍ជាមួយអ្នកពាក់ព័ន្ធ ដើម្បីសហគមន៍មាននិរន្តរភាព៕

Leave a Reply

Your email address will not be published. Required fields are marked *