វគ្គបណ្ដុះបណ្ដាល ស្តីពី វិធីអនុវត្តគោលនយោបាយថែទាំជំនួសចំពោះកុមារ និងការគ្រប់គ្រងករណីខេត្តសៀមរាប ថ្ងៃទី០៩ និង១០ ខែកុម្ភះ ឆ្នាំ២០១៧

This slideshow requires JavaScript.

នៅថ្ងៃទី ០៩ ដល់១០ ខែកុម្ភៈ ឆ្នាំ២0១៧ អង្គការម្លប់ឫស្សីបានសហការ ជាមួយនឹងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ គំរូលិខិតបទដ្ឋាន និងការគ្រប់គ្រងករណី ទៅកាន់ មន្ត្រីការិយាល័យ ស.អ.យ មន្រ្តី គ.ក.ស.ក និងមន្រ្តី គ.ក.ន.ក ក្រុងសៀមរាប ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ចំនួន ៤៥នាក់ ស្រី៣៥នាក់ ។

វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម តូច​ ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា លោក អោ ម៉ៅ ប្រធានមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា និង លោក ឡៅ សុងហេង ប្រធានគម្រោងគាំទ្រអាជ្ញាធរនៃអង្គការម្លប់ឬស្សី ។

នាកិច្ចចាប់ផ្តើមនៃវគ្គបណ្តុះបណ្តាល ឯកឧត្ដម តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានមតិសំណេះសំណាលសួរសុខទុកទៅកាន់សិក្ខាកាមទាំងអស់ និងថ្លែងអំណរគុណដល់អង្គការម្លប់ឫស្សី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ទជន និង យុវនីតិសម្បទា ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធលើវិស័យសុខុមាលភាពកុមារទាំងផ្នែកថវិកា​​ និងបច្ចេកទេសរហូតមក ។ ឯកឧត្ដម ក៏បានបញ្ជាក់ទៀតថាអង្គការម្លប់ឫស្សីគឺកំពុងតែអនុវត្តនូវគម្រោង និងសកម្មភាពដូចគ្នាទៅនឹងទិសដៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលចង់បណ្ដុះបណ្ដាលទៅកាន់មន្រ្តីថ្នាក់ក្រោមជាតិដែលកំពុងអនុវត្តការងារលើវិស័យសុខុមាលភាពកុមារឱ្យបានយល់ដឹង និងអាចមានសសមត្ថភាពក្នងការអនុវត្តតួនាទីភារកិច្ចរបស់ពួកគាត់ឱ្យមានប្រសិទ្ធិភាព។ ឯកឧត្ដមក៏បានសង្កត់ធ្ងន់ទៀតថាវិស័យសង្គមកិច្ចគឺធ្វើការងារជាមួយចាប់ពីវ័យកុមារ រហូតដល់មនុស្សចាស់ ដូច្នេះហើយអ្នកដែលធ្វើការងារពាកើព័ន្ធនឹងវិស័យសង្គមកិច្ចត្រូវតែមានចំណេះដឹងទូលំទូលាយ ហើយចំណេះដឹងទាំងនោះត្រូវឆ្លងកាត់តាមរយៈវគ្គបណ្ដុះបណ្ដាល ហើយក៏ទាមទាឱ្យមានការតស៊ូ អត់ធ្មត់ ព្យាយាម ដើម្បីជួយដល់ក្រុមគោលដៅដែលជាជនងាយរងគ្រោះ និងរងគ្រោះឱ្យចំគោលដៅ និងមានប្រសិទ្ធិភាព។ មួយវិញទៀត ឯកឧត្ដម តូច​ ចាន់នី ក៏បានមានប្រសាសន៏ទៀតថាក្រសួងកំពុងតែរៀបចំការធ្វើវិមជ្ឈការទៅថ្នាក់ក្រោមជាតិ ដូចនេះហើយមន្រ្តីថ្នាក់ក្រោមជាតិទាំងអស់ត្រូវតែពង្រឹងសមត្ថភាពការងាររបស់ខ្លួនបន្ថែមអំពីគោលនយោបាយ នីតិវិធី និងការអនុវត្តនីតិវិធីស្ដីពីការអនុវត្តគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ និងការប្រើប្រាស់គំរូលិខិតបទដ្ឋានឱ្យបានច្បាស់លាស់ជៀសវាងការមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងជាហេតុធ្វើឱ្យបាត់បង់ឧត្ដមប្រយោជន៏របស់កុមារ។ នៅចុងបញ្ចប់ ឯកឧត្ដមក៏បានផ្ដាំផ្ញើរឱ្យសិក្ខាកាមទាំងអស់ខិតខំត្រង់ត្រាប់ស្ដាប់ការបង្ហាញរបស់គ្រូសម្របសម្រួល បើមានចម្ងល់សូមឱ្យក្លាហានក្នុងការលើកឡើង​ និងសូមឱ្យយកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះទៅអនុវត្តនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ។

វគ្គបណ្ដុះបណ្ដាលនេះបានបញ្ចប់ក្រោមអធិបតីភាពលោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប។ ក្នុងឱកាសនោះលោក បានថ្លែងអំណរគុណដល់អង្គការម្លប់ឫស្សីជាដៃគូរ ដែលតែងតែសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាបក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលនានាទៅដល់មន្រ្តីថ្នាក់ក្រោមជាតិក្នុងខេត្តសៀមរាប និងបានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ហើយក៏បានសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះទៅអនុវត្តនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជួយដល់ក្រុមគោលដៅឱ្យទទួលបានឧត្ដមប្រយោជន៏។

Leave a Reply

Your email address will not be published. Required fields are marked *