កិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងទប់ស្កាត់រក្សាកុមារក្នុងគ្រួសារ

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការម្លប់ឫស្សីទទួលបានព័ត៌មានករណី២ ផ្សេងពីគ្នា​ និងបានសហការជាមួយមន្ត្រីការិយាល័យសុខុមាលភាពកុមារ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ជាមួយអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ​ ដោយធ្វើការប៉ាន់ប្រមាណបឋម ដើម្បីរកកន្លែងសុវត្ថិភាព និងថែទាំបណ្តោះអាសន្ន។

ករណីទី១៖ មានកុមារចំនួន ៣​នាក់ ប្រុស​ម្នាក់ ស្ថិតនៅក្នុងក្នុងគ្រួសារក្រលំបាក នៅថ្ងៃទី២៧  ខែមករា ឆ្នាំ២០២១   ម្តាយកុមារ បានស្លាប់ដោយអំពើរឃាតកម្ម ជនសង្ស័យបានរត់គេចខ្លួន នៅភូមិ ស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចកំពុងតាមរកចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់។​  កុមារកំព្រាទាំង ៣នាក់បងប្អូន មិនមានអ្នកថែទាំ​ឡើយ ម្យ៉ាង​ទៀត ដោយសារឪពុកបានចំណាកស្រុក មិនដែលបានមកមើលថែកូន និងគ្រួសារ គឺមានតែជីដូន និងជីតាក្រីក្រមានជីវភាពខ្វះខាត ប្រកបមុខរបរជាកម្មករស៊ីឈ្នួលដកដំឡូង និងធ្វើស្មៅចម្ការឱ្យគេ។ ក្រោយពីកើតហេតុ មានអង្គការមួយបានស្នើឱ្យជីដូនយកកុមារទាំងនោះ ដាក់ក្នុងមណ្ឌលថែទាំ  តែកុមារមិនយល់ព្រមក្នុងការទៅរស់នៅមណ្ឌលទេ ក្រៅតែពីចង់នៅជាមួយជីដូន និងជីតាពួកគេ។ ក្រុមការងារបានធ្វើការប៉ាន់ប្រមាណ សម្រេចទុកដាក់ ប្រគល់កុមារឱ្យជីដូនមើលថែទាំបណ្តោះអាសន្ន និងរៀបចំផែនការបន្តជាមួយអ្នកពាក់ព័ន្ធ ដើម្បីជួយផ្តល់សេវាបន្តគាំទ្រកុមារ និងគ្រួសារ ឱ្យមានការថែទាំប្រសើរឡើង តាមរយៈការថែទាំដោយសាច់ញាតិរស់នៅជួបជុំគ្នាក្នុងសហគមន៍  ។

ករណីទី២​៖ កុមារចំនួន ៤នាក់ ស្រី ៣នាក់​ រស់នៅភូមិចំការស្វាយ ឃុំ​​សេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ឪពុកម្តាយរបស់គេ ត្រូវបានចោទប្រកាន់ស្តីអំពី បទល្មើសនៃការប្រើប្រាស់គ្រឿងញៀន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដាក់ក្នុងពន្ធនាគារ។ ដោយគ្មានអ្នកថែទាំកុមារ និងកុមារមិនចង់ទៅរស់នៅកន្លែងថែទាំផ្សេងទៀត ក្រៅពីសាច់ញាតិរបស់គេ ហើយពួកគាត់ចង់រស់នៅជាមួយម្តាយមីងដែលមានជីវភាពក្រីក្រខ្លាំង និងជាបុគ្គលិកកម្មករ រោងចក្រ ដោយខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃ មិនមានចំណូលគ្រប់គ្រប់គ្រាន់ក្នុងការថែទាំកុមារឡើយ។ តែដោយមានការសហការ  ជាមួយមន្ត្រីការិយាល័យសុខុមាលភាពកុមារ និងអាជ្ញាធរមូលដ្ឋាន បានផ្តល់ប្រឹក្សា​ជាមួយម្តាយមីងរបស់គេ ដែលមានក្តីអាណិតស្រឡាញ់ស្មគ្រចិត្តថែទាំកុមារទាំងនោះ។ ក្រុមការងារ បានសម្រេចទុកដាក់កុមារ ឱ្យរស់នៅជាមួយម្តាយមីង មើលថែរកុមារជាបណ្តោះអាសន្ន  ក៏ព្រោះដោយសារស្ថានភាពគ្រួសារទាំងពីរខាងលើ ជួបការលំបាកខ្លាំង ដូច្នេះអង្គការម្លប់ឫស្សី​ បានផ្តល់ស្បៀងអាហារបន្ទាន់ ទាំងពីរករណី ក្នុងមួយគ្រួសារ ទទួលបានអង្ករ ៥០​គីទ្បូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប ស្ករស ១គីទ្បូក្រាម អំបិល ១គីទ្បូក្រាម​ និងបន្តការតាមដានរៀបចំផែនការគាំទ្រជាមួយអ្នកពាក់ព័ន្ធ ដើម្បីជួយឱ្យកុមារទទួលបានការថែទាំបានប្រសើរឡើង​ ដើម្បីឆ្លើយតបទៅនឹងការលើកកម្ពស់ ការថែទាំកុមារជាមួយសាច់ញាតិ និងគោរពលើសេចក្តីសម្រេចចិត្តរបស់កុមារ ដើម្បីទទួលបាននូវឧត្តមប្រយោជន៍របស់ពួកគេ។

Leave a Reply

Your email address will not be published. Required fields are marked *